ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរដ្ឋទូត​ថ្មី​កូរ៉េ សម្លឹង​ឃើញ​ភាពចាំបាច់​នៃ​ការពង្រឹង​ចំណេះ​ជំនាញ​កម្លាំង​អនុវត្ត​ច្បាប់ និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​!

​ភាពចាំបាច់​នៃ​ការបន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ពង្រឹង​ចំណេះ​ជំនាញ​កម្លាំង​អនុវត្ត​ច្បាប់ និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ដើម្បី​ដក​បទពិសោធន៍​លើ​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យ​ទីតាំង​បទល្មើស និង​ជំនាញ​ថ្មីៗ បម្រើ​ដល់​ការងារ​នគរបាល​ជំនាញ​កម្ពុជា និង​កូរ៉េ ត្រូវបាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គូសបញ្ជាក់​ក្នុង​ឱកាស​ទទួល​ជួប​ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៦​នេះ​។

​ឈរ​លើ​ក​គោលការណ៍​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​កូរ៉េ ឯកឧត្តម KIM Chang Yong បាន​ជម្រាប​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ថា ភាគី​កូរ៉េ នឹង​បន្ត​បង្កើន​កិច្ចសហការ​ដ៏​ល្អ​នេះ និង​ត្រៀម​ជួយ​គាំទ្រ​ដល់​ភាគី​កម្ពុជា គ្រប់បែបយ៉ាង ជា​ពិសេស​ការងារ​បណ្តុះ​បណ្តាល​ចែករំលែក​បទពិសោធ និង​ឯកភាព​ទទួល​រៀបចំ​ទស្សនកិច្ច នាពេលខាងមុខ ជូន​ថ្នាក់ដឹកនាំ និង​អង្គភាព​ជំនាញ​កម្ពុជា ដើម្បី​ដក​ពិសោធន៍​ការងារ​សន្តិសុខ និង​នគរបាល​។

​រំលឹក​ដល់​បទពិសោធ កិច្ចសហប្រតិបត្តិការ​កន្លងមក ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ប្រកបដោយ​ផ្លែផ្កា និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់ កម្ពុជា​-​កូរ៉េ ដែល​តែងតែ​ផ្ដល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ការងារ​សន្តិសុខ ពិសេស​ក្រោយ​ការបង្កើត​ក្រុម​ការងារ​ចម្រុះ កម្ពុជា​-​កូរ៉េ កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ សម្រេចបាន​លទ្ធផល​ជា​ច្រើន ក្នុង​ការងារ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

​ឯកឧត្តម​អភិ​សនិ្ត​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ ផ្តល់​កិច្ច​សហការ​ជិតស្និទ្ធ និង​ផ្លាស់ប្តូរ​បទពិសោធ​ល្អៗ សំដៅ​ពង្រឹង​សមត្ថភាព​កងកម្លាំង​សមត្ថកិច្ច ដើម្បី​រួមចំណែក​ក្នុងការ​ក្នុង​បុព្វហេតុ​នៃ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​សម្រាប់​ប្រទេស​ទាំង​ពីរ និង​តំបន់​។

​ជា​ការឆ្លើយតប ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត​កូរ៉េ បាន​ថ្លែងអំណរគុណ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ចំពោះ​ការជួយ​សម្របសម្រួល​កា​រងារ កិច្ចសហប្រតិបត្តិការ​ល្អ និង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ក្រសួង​ទាំងពីរ បង្ក​លក្ខណៈ​អំណោយផល​ដល់​ការបំពេញ​បេសកកម្ម​ពង្រឹង​ការអនុវត្ត​ច្បាប់ សំដៅ​រួមចំណែក​អនុវត្ត​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​គម្រោង និង​ផែនការ​សហប្រតិបត្តិកា​រ ដែល​ស្ថាប័ន​ទាំងពីរ បាន​ផ្តួចផ្តើម​នា​ពេលកន្លងមក ពិសេស​ការបង្កើត​ក្រុមការងារ​រួម​កម្ពុជា​-​កូរ៉េ សម្រាប់​ពលរដ្ឋ​កូរ៉េ សម្រេចបាន​លទ្ធផល​លើស ការរំពឹង​ទុក​៕

Leave a Reply

Your email address will not be published. Required fields are marked *