ខ្លឹមសារ Press Briefing របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សម្រាប់​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៦

រហូតមក​ទល់​ថ្ងៃនេះ សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើ​ក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​បាន​ផ្តល់​កំណើត​ដល់​បទ​ឈប់​បាញ់​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មាន​អាយុ​២០​ថ្ងៃ​ហើយ​។ ក្នុង​អំឡុង​ពេល​នេះ កម្ពុជា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និង​គ្រប់​ចំណុច​ទាំងអស់​នៃ​សេចក្តីប្រកាស​រួម​នេះ ក៏​ដូចជា​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​ដទៃទៀត រួម​ទាំង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡំ​ពួ​រ ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ផងដែរ​។​

​ក្រៅ​ពី​បទ​ឈប់​បាញ់​ដែល​ជា​លទ្ធផល​ដំបូង​និង​ធំជាងគេ និង​ដែល​ឆ្លុះបញ្ចាំង​ពី​បំណង​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សេចក្តីប្រកាស​រួម ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ក៏បាន​ផ្តល់​សេរីភាព​ដល់​យោធិន​កម្ពុជា​១៨​នាក់ បានឱ្យ​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​ដែល​ជនភៀសសឹក​ភាគច្រើន​ក៏​បាន​វិលត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ​។ ជាក់ស្តែង រហូតមកទល់​ពេលនេះ មាន​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង ៥០​ម៉ឺន​នាក់​ហើយ​ក្នុងចំណោម​ជាង ៦៤​ម៉ឺន​នាក់ បាន​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​វិញ ក្រោម​ការជួយ​ជ្រោមជ្រែង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល ដែលមាន​អាជ្ញាធរ​ដែនដី និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជា​សេនាធិការ​។ នៅសល់​ជនភៀសសឹក​ប្រមាណ​ជា ១៤​ម៉ឺន​នាក់​ទៀត​កំពុង​បន្ត​ស្នាក់នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅឡើយ​។

​ក្នុង​អំឡុង​ពេល​នេះ​ដែរ ក្រុម​ការងារ​ចំពោះ​កិច្ច​ដែល​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល បាន​និង​កំពុង​ចុះ​បំពេញការងារ​យ៉ាង​សកម្ម ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដែល​រង​ការបំផ្លិចបំផ្លាញ ដោយ​ការវាយប្រហារ​របស់​ទា​ហាន​ថៃ​ដោយ​បំពាន​មកលើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​។ លទ្ធផល​នៃ​ការវាយតម្លៃ​នេះ គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​ក្នុង​ការចាត់វិធានការ​អន្តរាគមន៍​បន្ទាន់ ដើម្បី​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ​ភៀ​សសឹក និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​ដែល​រង​ការខូចខាត​ឱ្យបាន​ឆាប់​បំផុត​។​

​ជាមួយគ្នានេះ កម្ពុជា​តែងតែ​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​រួម ដើម្បី​ផ្ទៀងផ្ទាត់​និង​ធានា​ការអនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យភាព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

​ផ្អែក​តាម​ស្មារតី​ខាងលើ ក្រុម​ការងារ​សម្របសម្រួល​អ្នកសង្កេតការណ៍​របស់​ក្រសួង​ការពារជាតិ (CLG) កាលពីដើម​ខែ​មករា​នេះ បាន​សម្របសម្រួល​ជូន​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​នៅ​ទីតាំង​ស៊ីវិល​ចំនួន​បួន ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ការវាយប្រហា​រ​របស់​យោធា​ថៃ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៦ ក្រុម​លេខា​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៤ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ភាគី​ថៃ បាន​ជួបប្រជុំ​គ្នា​នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការងារ​សំខាន់ៗ​មួយចំនួន​ក្នុង​ន័យ​ពង្រឹង​ការអនុវត្ត​នូវ​ខ្លឹមសារ​សេចក្តីប្រកាស​រួម ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដទៃទៀត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុង​ស្មារតី​គោរព​សេចក្តីប្រកាស​រួម ត្រង់​ចំណុច​ទី​៣ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ក៏​បាន​ដាក់​សំណើរ​ចំនួន​៣​លើក តាមរយៈ​កំណត់​ទូត​ទៅកាន់​ភាគី​ថៃ ក្នុងនោះ​សំណើរ​ពីរលើក គឺ​សុំ​កោះប្រជុំ​ពិសេស​នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៅក្នុង​ខេត្ត​សៀមរាប ដើម្បី​វាស់វែង​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ផ្តើម​ពី​តំបន់​អាទិភាព​មុនគេ​។ ប៉ុន្តែ ភាគី​ថៃ​បាន​សុំ​ពន្យារពេល​រហូត​ដល់​ពេល​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​នា​ខែ​កុម្ភៈ​ខាងមុខ​។

​ទោះជា​យ៉ាងនេះក្តី កម្ពុជា​បាន​ដាក់​សំណើរ​លើក​ទី​៣ តាមរយៈ​កំណត់​ទូត​ចុះ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ ២០២៦ ដោយ​ស្នើ​ភាគី​ថៃ​ឱ្យ​ចាត់​ក្រុមការងារ​វាស់វែង​ចម្រុះ​ដើម្បី​បោះបង្គោល​បណ្តោះអាសន្ន​ដែល​ជា​ការងារ​បន្ត និង​សាងសង់​ឡើង​វិញ​បង្គោល​ព្រំដែន​ដែល​សល់​ពី​ជំនាន់​បារាំង​ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​រួច​ហើយ​។​

​ចំណែក​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​ក៏​សកម្ម​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​កំណត់​ទូត​តវ៉ា សេចក្តីថ្លែងការណ៍ និង​ធ្វើ​បទ​បង្ហាញ​នានា​ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​យល់​ពី​បុព្វហេតុ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឆាំងនឹង​ការរំលោភបំពាន និង​ការចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ចំណែក​ក្រសួង​មហាផ្ទៃ អាជ្ញាធរ​ដែនដី និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ក៏​សកម្ម​មមាញឹក​គ្រប់ពេលវេលា ពុះពារ​មិនដែល​ខ្លាច​នឿយហត់​ឡើយ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​និយាយ​ជា​រួម រាជរដ្ឋាភិបាល ជា​ពិសេស​ថ្នាក់ដឹកនាំ​នៃ​យើង​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី រួម​ទាំង​ក្រសួង ស្ថាប័ន​ដែល​ជា​សេនាធិការ​ទាំងអស់​មិន​ដែល​ខ្ជះខ្ជាយ​ពេលវេលា​សូម្បី​មួយ​វិនាទី និង​មិន​ដែល​សំចៃ​កម្លាំងកាយ​ចិត្ត បញ្ញា ស្មារតី សូម្បី​បន្តិចបន្តួច​ឡើយ ក្នុង​ការការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ក៏ដូចជា​ការដោះស្រាយ​ការលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​។

​ដូច​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៦ ថា​៖ កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ខិតខំ​ដើម្បី​សម្រេច​នូវ​គោលដៅ​ចម្បង​របស់​ខ្លួន គឺ​ការបញ្ចប់​ទុក្ខវេទនា​របស់​ប្រជាជន ទប់ស្កាត់​ការបំផ្លិចបំផ្លាញ​និង​បន្ត​ដើរ​លើ​មាគ៌ា​ឆ្ពោះទៅ​រក​សន្តិភាព ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ចីរកាល​។ ទន្ទឹម​នោះ​កម្ពុជា​នឹង​មិន​ធ្វើ​សម្បទាន​នូវ​អធិបតេយ្យ ឬ​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន​ឡើយ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជាក់​រួចហើយ​ដែរ​ថា​៖ រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកា​ជាតិ និង​ថវិកា​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ជា​មិត្ត​និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ​ភៀ​សសឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​រង​ការបំផ្លិចបំផ្លាញ​ឱ្យបាន​ឆាប់​បំផុត​។ ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី សម្តេច​ធិបតី​ក៏​បាន​បញ្ជាក់​ច្បាស់​ថា ខ្សែ​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​និង​ថៃ​នៅ​តែ​ត្រូវបាន​កំណត់​ដោយ​សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​មាន​ស្រាប់ ហើយ​កម្ពុជា​នៅ​តែ​រក្សា​បាន​ពេញលេញ​នូវ​សិទ្ធិ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ជាមួយនឹង​ភាគី​ថៃ ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និង​យន្តការ​ទ្វេភាគី​ទាំងឡាយ​ដែល​មាន​ជា​ធរមាន​។

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥ​ណ្ឌូ​ចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិ​ន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​នា​ពេលកន្លងមក​។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការកែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើតចេញ​ពី​ការប្រើប្រាស់​កម្លាំង​នោះ​ឡើយ​។ ជំហរ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ជា​ជំហរ​ដែល​មិន​អាច​ធ្វើ​សម្បទាន​បានឡើយ​៕

​សូម​អរគុណ​

Leave a Reply

Your email address will not be published. Required fields are marked *