លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ចំនួន ៤​ខ្នង ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​ពលី​

ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ៖ រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៦ ដោយ​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់ លោកជំទាវ​បណ្ឌិត បាន​អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ចំនួន ៤​ខ្នង ជូន​ដល់​ក្រុមគ្រួសារ​នៃ​វីរ​យុទ្ធជន​ពលី ដោយ​ផ្ទះ​ថ្មី ១​ខ្នង ត្រូវបាន​ប្រគល់ជូន​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ផ្ទះ​ថ្មី ៣​ខ្នង ប្រគល់ជូន​ក្រុមគ្រួសារ​នៅក្នុង​ខេត្ត​កំពង់ចាម ។​

​លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត ក៏បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និង​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ។​

​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ចងចាំ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់ វីរ​កងទ័ព និង​វីរ​នគរបាលជាតិ ដែល​បាន​ពលី​អាយុជីវិត​ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏ដូចជា​ការផ្តល់ជូន​មកវិញ​នូវ​សន្តិភាព​ជូន​ជាតិ មាតុភូមិ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សម្តេច​បវរ​ធិបតី បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ជាច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមគ្រួសារ​របស់​យុទ្ធជន​ពលី​ដូចជា​ការផ្តល់​ឱ្យ​មុខរបរ​ចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការផ្តល់​អាហារូបករណ៍​ដល់​កូនៗ​បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ ការរៀបចំ​ឥណទាន​សារជាថ្មី ការដោះស្រាយ​បំណុល​ជូន​វីរ​យុទ្ធជន​ក្នុង​សមរភូមិ ថែមទាំង​មាន​ការគិតគូរ​បង្កើត​ជា​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុមគ្រួសារ​វីរ​យុទ្ធជន​ពលី​ទៀតផង​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ជួយ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក​បាន​ទៅ​ផ្ទះសំបែង​វិញ ការជួយ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ ការជួយ​បោសសម្អាត​អាវុធ គ្រាប់ យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការស្តារ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *