លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​សម្ពោធ​អគារសិក្សា​ថ្មី​របស់​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​តាខ្មៅ​

ខេត្ត​កណ្តាល ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​សម្ពោធ​អគារសិក្សា​ថ្មី​របស់​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​តាខ្មៅ ។​

​ក្នុងឱកាស​ប្រកបដោយ​ក្តី​រីករាយ​ចំពោះ​សមិទ្ធផល​ថ្មី​នេះ លោកជំទាវ​បណ្ឌិត បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់ គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាល័យ​អប់រំ​ពិសេស​នេះ ដែល​បាន​ស្រឡាញ់ អត់ធ្មត់ និង​លះបង់​កម្លាំងកាយ​ចិត្ត​បង្ហាត់បង្រៀន​ដល់​កុមារ​អូ​ទី​ស្សឹម​ទាំងអស់ ព្រោះ​ការអប់រំ​ដល់​កុមារ​អូ​ទី​ស្សឹម​គឺ​ត្រូវការ​ជំនាញ​ពិសេស​បំផុត​មួយ​។​

​អគារសិក្សា​ថ្មី​ដែល​មាន​ចំនួន ២ ខ្នង កម្ពស់ ៣​ជាន់ ស្មើនឹង ៣៦​បន្ទប់​នេះ នឹង​បម្រើ​បន្ថែម​ដល់​ការបង្ហាត់​បង្រៀន​កុមារ​អូ​ទី​ស្សឹម​កម្ពុជា ដែល​មាន​ចំនួន​ជាង ៣០០​នាក់ កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាល័យ​នេះ គិត​មក​ត្រឹម​ឆ្នាំ​២០២៥ ហើយ​នឹង​ជា​កន្លែង​ព្យាបាល​ដល់​កុមារ​អូ​ទី​ស្សឹម​ឱ្យមាន​សុខភាព​ល្អ មាន​សមត្ថភាព មាន​ទំនាក់ទំនង និង​មាន​របៀប​រស់នៅ​ល្អប្រសើរ​ជាង​មុន រួម​ទាំង​នឹង​ក្លាយ​ជា​ធនធានមនុស្ស​មួយ​សម្រាប់​ជាតិ​កម្ពុជា​ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អូ​ទី​ស្សឹម​ជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​មួយ​ប្រភេទ​កើតឡើង​លើ​កុមារ​ដែល​គាត់​មាន​ការលូតលាស់​ខាង​សតិបញ្ញា​យឺត មាន​សមត្ថភាព​ខ្សោយ​ក្នុង​ការរស់នៅ មាន​ទំនាក់ទំនង​ទាប​បំផុត និង​កត្តា​សុខភាព​ផ្សេង​ស្តែងចេញ​តាម​ចរិតលក្ខណៈ​ប្លែកៗ​របស់គាត់​។ ទោះជា​យ៉ាងណាក្តី រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ បាន​និង​កំពុង​ខិតខំ​លើកកម្ពស់​វិស័យ​អប់រំ​ទូទាំងប្រទេស ជាពិសេស​ការអប់រំ​ពិសេស​ដល់​កុមារ​អូ​ទី​ស្សឹម​កម្ពុជា ដោយ​មាន​ការផ្គត់ផ្គង់​ទាំង​ទីកន្លែង សម្ភារៈ​បរិក្ខារ​ចាំបាច់​គ្រប់បែបយ៉ាង បច្ចេកទេស និង​សមត្ថភាព​បង្ហាត់បង្រៀន​យ៉ាង​ពិសេស ដើម្បី​ធានា​ថា កុមារ​ទាំងនេះ​នឹង​ល្អប្រសើរ អាច​ក្លាយ​ជា​ធនធានមនុស្ស​សម្រាប់​ជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *