សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​មហាផ្ទៃ

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​មហាផ្ទៃ​។​

​យោងតាម​របាយការណ៍ របស់​ឯកឧត្តម​អភិ​សន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រសួងមហាផ្ទៃ ដោយ​មាន​ការចូលរួម​សហការ និង​ការគាំទ្រ​ពី​ក្រសួង សា្ថប័ន​មាន​សមត្ថកិច្ច​ពាក់ព័​ន្ធ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សហគមន៍​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​ជម្នះ​រាល់​ឧបសគ្គ សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី និង​ការគ្រប់គ្រង សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បម្រើ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ។​

​ក្រសួង​មហាផ្ទៃ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា ការពារ​បាន​យ៉ាងរឹងមាំ​នូវ​សុខសន្តិភាព ខឿន​ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ស្ថិរភាព​នយោបាយ បញ្ចៀស​បាន​សកម្មភាព​ភេរវកម្ម​ទាំងឡាយ ទប់ស្កាត់ បាន​ឧបាយកល សកម្មភាព​ប៉ុនប៉ង​បំបែកបំបាក់​សាមគ្គី​ជាតិ និង​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ធានា​យ៉ាង​ល្អប្រសើរ​នូវ​ព្រះរាជ​សុវត្ថិភាព​ព្រះមហាក្សត្រ និង​សុវត្ថិភាព​ឥស្សរជន​ដឹកនាំ​ប្រទេស ព្រមទាំង​សម្រប សម្រួល​រៀបចំ​ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ឱ្យ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ជោគជ័យ​។​

​ឯកឧត្តម​បាន​បន្តទៀតថា នៅ​ឆ្នាំ​២០២៣ គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​គ្រប់​ទម្រង់ ការបង្ក្រាប​សកម្មភាព ក្មេង​ទំនើង ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផ្តល់​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ត្រូវបាន​យកចិត្តទុកដាក់​អនុវត្ត​ជា ប្រចាំ ដែល​ធានាបាន​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាពសុខសាន្ត រក្សាបាន​នូវ​ប្រក្រតីភាព​សង្គម​គ្រប់​វិស័យ​។ ទោះបី​ស្ថានភាព​បទល្មើស​មាន​ការកើនឡើង ប៉ុន្តែ​ការបង្ក្រាប​មាន​រហូត​ដល់ ៩០​ភាគរយ នៃ​បទល្មើស ដែល​បាន​កើតឡើង​។ ការងារ​អត្តសញ្ញាណ​កម្ម ត្រូវបាន​ពង្រឹង​ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការរៀបចំ​ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និង​ការផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​អត្ត​សញ្ញណ ខាង​ផ្លូវច្បាប់​ពេញលេញ ព្រមទាំង​ទទួលបាន​នូវ​ការគោរព​សិទ្ធិ និង​សេវា​ជា​មូលដ្ឋាន​ចាំបាច់​នានា​ស្របតាម​ច្បាប់​។​

​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គសន្និបាត​របស់​ក្រសួងមហាផ្ទៃ និង​ចំពោះ​ការងា​រលា​ឆ្នាំ​កន្លងមក​របស់​ក្រសួងមហាផ្ទៃ​ដែល​សម្រេចបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ជូន​ជាតិ​មាតុភូមិ ជា​ពិសេស​ការចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។

​សម្ដេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្រោយពី​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិទី​៧ នៃ​រដ្ឋសភា ក្រសួងមហាផ្ទៃ បាន​ធ្វើ​ទំនើបកម្ម​ស្ថាប័ន ជា​បណ្តើរៗ​បន្ថែម ដោយ​បាន​ធ្វើ​វិចា​រណកម្ម​មុខងារ និង​បាន​កែសម្រួល​របៀបរបប​ការងារ​របស់​អង្គភាព​នីមួយៗ​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​អាទិភាព​ការងារ និង​ការទទួលខុសត្រូវ​របស់​អង្គភាព​ទាំងនោះ ដោយ​ក្នុង​នោះ ក្នុង​នីតិកាល​ថ្មី​នេះ ក្រសួង​បាន​ដាក់ឱ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី “ ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី និង​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ” ដែល​ជា​សមិទ្ធផល​ថ្មី​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ធ្វើជា​ផែនទី​បង្ហាញផ្លូវ​ក្នុង​ការដឹកនាំ គ្រប់គ្រង និង​អនុវត្ត​តួនាទី ភារកិច្ច​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ចូលរួម​អនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ឱ្យ​សម្រេច​បាន​តាម​គោលដៅ គោលបំណង និង​ចក្ខុវិស័យ​ដែល​បាន​កំណត់​៕

Leave a Reply

Your email address will not be published. Required fields are marked *