ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​បាត់ដំបង ឱ្យ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាត់ដំបង ត្រូវតែ​បន្ត​បង្ក្រាប​ឱ្យបាន​នូវ​រាល់​ល្មើស​ផ្សេងៗ រួមមាន​៖ លួច ឆក់ ប្លន់ ក្មេង​ទំនើង គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ កម្ចី​អន​ឡា​ញ​ ​អន​ឡាញ​ស្គេម ក៏​ដូច​ជា​បទល្មើស​ជា​ច្រើន​ទៀត ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​ខេត្ត​បាត់ដំបង ព្រម​ទាំង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

​ការណែនាំ​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង នា​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៦ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​។

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​លើកឡើង​អំពី​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ការពង្រឹង​សន្តិភាព និង​ស្ថិរភាព​នយោបាយ ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ការគ្រប់គ្រង​រដ្ឋបាល​ដែនដី ការផ្តល់សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​មូលដ្ឋាន ការគ្រប់គ្រង និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន និង​ការពង្រឹង​របៀបរបប​ការងារ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​មាន​សន្ទុះ​ហក់​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មិន​ថា​តែ​ក្នុង​ខេត្ត​បាត់ដំបង​នោះទេ ពោល​គឺ​ទូទាំងប្រទេស ដែល​បញ្ហា​នេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង​ជា​ចំណុច​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​សន្តិសុខ និង​សុវត្ថិភាព​សង្គមជាតិ​ទាំងមូល​។ ក្នុង​ស្មារតី​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់ថា ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ មិនមែន​ជា​ភារកិច្ច​ដាច់​ដោយឡែក​របស់​ស្ថាប័ន​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​វា​ទាមទារ​ជា​ចាំបាច់​នូវ​ការចូលរួម​យ៉ាង​សកម្ម និង​ការសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រាប់​ចាប់តាំងពី​មន្ត្រី​អនុវត្ត​ច្បាប់ រហូត​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​គ្រប់រូប​ក្នុងនាម​ជា​អ្នកប្រើប្រាស់​ផ្លូវ​ថ្នល់​។

​បន្ទាប់​ពី​បង្ហាញ​ក្តីព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ផ្តល់​ការណែនាំ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអនុវត្ត និង​ការផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ឱ្យ​កាន់តែ​មាន​ភាព​ផុសផុល និង​សកម្ម​ខ្លាំងក្លា​ជាង​មុន​ទ្វេដង​។

​មុន​នឹង​បញ្ចប់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​លើកឡើង​អំពី​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​នេះ​គឺ​ជា​បេសកកម្ម​ដ៏​ចម្បង និង​ជា​ចំណុច​គន្លឹះ​ដ៏​សំខាន់បំផុត ដែល​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចាប់ពី​ថ្នាក់​ខេត្ត ក្រុង ស្រុក រហូតដល់​ថ្នាក់​ឃុំ​-​សង្កាត់ ត្រូវ​បន្ត​ខិតខំ​ដុសខាត់​សមត្ថភាព និង​ពង្រឹង​យន្តការ​ផ្តល់​សេវា​រដ្ឋបាល ឱ្យ​កាន់តែ​មាន​ភាពសាមញ្ញ ងាយស្រួល និង​បង្កលក្ខណៈ​ឱ្យ​កាន់តែ​ខិត​ជិត​កៀក​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​៕

Leave a Reply

Your email address will not be published. Required fields are marked *