លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ពលី​

ខេត្ត​កំពត ៖ ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ពលី ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដីនាខេត្តកំពត ​។​

​ក្នុង​វេលា​នេះដែរ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត រួម​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ផងដែរ​។​

​ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត ក៏បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

​ឆ្លៀត​ក្នុង​ដំណើរ​នេះ លោកជំទាវ​បណ្ឌិត​ថែមទាំង​បាន​ចូល​សួរសុខទុក្ខ​លោកយាយ​របស់​វីរ​កងទ័ព​កំពុង​ឈរ​ជេ​ី​ង​នៅ​ព្រំដែន ដោយ​មាន​ភ្ជាប់​ជូន​នូវ​អំណោយ​ជា​ថវិកា សម្ភារៈ​បរិក្ខារ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​លោកយាយ និង​ចៅស្រី​ដែល​រស់​នៅ​មើលថែ​យាយ​ផងដែរ​។

​ថ្នាក់ដឹកនាំ រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ដឹងគុណ និង​ចងចាំ​នូវ​ពលី​កម្ម​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​យុទ្ធជន​កម្ពុជា​គ្រប់ៗ​រូប​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ​ដែន​អធិបតេយ្យ ក៏ដូចជា​នាំមក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ពេល​ថ្មីៗ​នេះ សម្តេច​បវរ​ធិបតី ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ជាច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមគ្រួសារ​របស់​យុទ្ធជន​ពលី​ដូចជា​ការផ្តល់​ឱ្យ​មុខរបរ​ចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការផ្តល់​អាហារូបករណ៍​ដល់​កូនៗ​បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ ការរៀបចំ​ឥណទាន​សារជាថ្មី ការដោះស្រាយ​បំណុល​ជូន​វីរ​យុទ្ធជន​ក្នុង​សមរភូមិ ថែមទាំង​មាន​ការគិតគូរ​បង្កើត​ជា​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុមគ្រួសារ​វីរ​យុទ្ធជន​ពលី​ទៀតផង​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ជួយ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក​បាន​ទៅ​ផ្ទះសំបែង​វិញ ការជួយ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ ការជួយ​បោសសម្អាត​អាវុធ គ្រាប់ យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការស្តារ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *