ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ពន្លឿន​ការស្ថាបនា​ផ្លូវ​ឡើង​ភ្នំ​ខ្នង​ផ្សារ ខណៈ​ទីតាំង​ផ្តល់ព័ត៌មាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ដំណាក់​ដំរី​រួចរាល់​១០០%

កំពង់ស្ពឺ​ ៖​ អភិបាលខេត្ត​កំពង់ស្ពឺ លោក​បណ្ឌិត ជាម ចន្ទ័​សោភ័ណ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២៦ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចំណុះ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការសាងសង់ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​ផ្លូវ​ឡើង​ទៅ​កាន់​ភ្នំ​ខ្នង​ផ្សារ ស្ថិតក្នុង​ភូមិ​តាំង​បំពង់ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ គ្រា​ដែល​មណ្ឌល​ព័ត៌មាន​និង​ហេដ្ឋារចនាសម្ព័ន​នានា​នៅ​ដំណាក់​ដំរី​រួចរាល់​១០០%​ហើយ​។​

​លោក​បណ្ឌិត ជាម ចន្ទ័​សោភ័ណ បាន​លើកឡើង​ថា​តាមរយៈ​គម្រោង (​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​)​របស់​ក្រសួង​បរិស្ថាន​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅ​ភ្នំ​ខ្នង​ផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយ​ចំនួន​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។​ការអភិវឌ្ឍន៍​តំបន់​ព្រៃ​ភ្នំ​ដ៏​មាន​សក្ដានុពល​នេះ ធ្វើឡើង​ក្នុង​ទិសដៅ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍ តាមរយៈ​ការបម្រើ​សេវា​ទេសចរណ៍​។​ជាង​នេះ​ការសាងសង់​ផ្លូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ​នេះដែរ ក៏​ដើម្បី​បម្រើឱ្យ​គោលដៅ «​លំហែ​បៃតង​» តាម​ការចង្អុលបង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច ហ៊ុន ម៉ា​ណែ​ត កាលពី​អំឡុង​ដែល​សម្តេច​បាន​អញ្ជើញ​ដោយផ្ទាល់​ក្នុង​ការសម្រាកលំហែ​រលើ​ភ្នំ​ខ្នង​ផ្សារ​។​

​លើកឡើង​ក្នុង​ឱកាស​នោះដែរ អភិបាលខេត្ត​កំពង់ស្ពឺ​លោក​បណ្ឌិត ជាម ចន្ទ័​សោភ័ណ ក៏​បាន​បញ្ជាក់បន្ថែម​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ខ្នង​ផ្សារ នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​ការរួមចំណែក​លើ​ក​កម្ពស់​សេដ្ឋកិច្ចសង្គម និង​គោលដៅ​លំហែ​បៃតង​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ ព្រមទាំង​ជួយ​ជំរុញ​ចលនា​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យ​មក​កម្សាន្ត​កាន់តែច្រើន​។​ហើយ​ការងារ​នេះ​នឹង​ចូលរួម​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន តាមរយៈ​ការផ្ដល់​សេវាកម្ម​ទេសច​រណ៍​នានា ដែល​ទាំងនេះ​ក៏​បាន​ចូល​រួមចំណែក​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព​ផងដែរ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​រៀបចំ​របៀង​គោលដៅ​លំហែ​បៃតង​នោះដែរ លោក​បណ្ឌិត​បាន​ក្រើនរំឭក​បន្ថែម​ដល់​មន្ត្រី​ជំនាញ​បច្ចេកទេស​ទាំងអស់​ត្រូវ​ពន្លឿន​ការសាងសង់​ធ្វើយ៉ាងណា​អាច​ស្រូប​ទាញ​ភ្ញៀវទេសចរណ៍​ឱ្យ​មក​លេង​កម្សាន្ត​និង​គយគន់​ធម្មជាតិ​លើ​ភ្នំ​ខ្នង​ផ្សារ​បាន​កាន់តែ​ច្រើន​។​

​សូមបញ្ជាក់​ថា ភ្នំ​ខ្នង​ផ្សារ​គឺជា​តំបន់​ព្រៃភ្នំ​ដ៏​ធំ​មួយ ដែល​មាន​ទីតាំង​ប្រសព្វ​មុំ​៣ គឺ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់​។ ភ្នំ​នេះ​សម្បូរ​ទៅដោយ​ព្រៃឈើ​ក្រាស់ ជ្រលង​ភ្នំ​ខ្ពស់ៗ វាល​ស្រល់​ដ៏​ស្រស់ស្អាត និង​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​។ ភ្នំ​ខ្នង​ផ្សារ មាន​កម្ពស់​ប្រហែល​១០១៧​ម៉ែត្រ ដែល​អាច​មើលឃើញ​ទេសភាព​បាន ៣៦០​ដឺ​ក្រេ​។​មិនតែប៉ុណ្ណោះ​ភ្នំ​នេះ​មាន​ទេសភាព​ស្អាត​គ្រប់​រដូវ​កាល និង​មាន​ចម្ងាយ​ប្រមាណ​១៦៥​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​និង​ជាង​៨០​គីឡូម៉ែត្រ​ពី​ខេត្ត​កំពង់ស្ពឺ​។​

រដ្ឋបាលខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *