លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​មន្ទីរពេទ្យ​កុមារ​ជាតិ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ ដែលជា​កិច្ចសហប្រតិបត្តិកា​ររ​វាង​មន្ទីរពេទ្យ​កុមារ​ជាតិ និង​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) ។ គម្រោង​ដ៏​វិសេសវិសាល​នេះ ត្រូវបាន​បង្កើតឡើង និង​អនុវត្ត​ក្នុង​គោលបំណង​ជួយ​ព្យាបាល​ដល់​កុមារ​ទាំងឡាយ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត រួម​ទាំង​ជំងឺ​បេះដូង​ផ្សេងៗ តាមរយៈ​ព្យាបាល​វះកាត់​ដោយ​មិន​គិតថ្លៃ ដើម្បី​ផ្តល់​មក​វិញ​នូវ​សុខុមាលភាព និង​ជិវិត​ដ៏​ត្រចះត្រចង់ ដល់​កុមារ​កម្ពុជា​។ គម្រោង​នេះ ក៏​ជួយ​បណ្តុះបណ្តាល​បន្ថែម​តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​រវាង​វេជ្ជបណ្ឌិត​កម្ពុជា និង​វេជ្ជបណ្ឌិត​អាមេរិក ការជួយ​ទ្រទ្រង់​ផ្នែក​ឧបករណ៍​បច្ចេកទេស​វះកាត់ និង​ការជួយ​គាំទ្រ​ផ្នែក​ស្មារតី​គ្នា​ជាដើម​។​

​ឆ្លៀត​ក្នុង​វេលា​នេះ លោកជំទាវ​បណ្ឌិត បាន​អញ្ជើញ​សួរសុខទុក្ខ​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ ដោយ លោកជំទាវ​បណ្ឌិត បាន​ភ្ជាប់​មក​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ និង​ជូនពរ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។ លោកជំទាវ​បណ្ឌិត ថែមទាំង​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិក​មន្ទីរពេទ្យ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សមាគម​សុ​ខា​ភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) ដែល​កំពុង​បម្រើការ​ក្នុង​គម្រោង​នេះ​។​

​ជា​ក្តីថ្លែងអំណរគុណ លោកជំទាវ​បណ្ឌិត សូម​អរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​គុណភាព និង​ក្តីស្រឡាញ់​ដល់​កុមារ​កម្ពុជា និង​សូម​ជូនពរ​ឱ្យ គម្រោង​វះកាត់​បេះដូង​កុមារ ដំណើរការ​ដោយ​រលូន និង​ជោគជ័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *