ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា កោតសរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បន្ត​ខិតខំ​ព្យាបាល​ពលរដ្ឋ ក្រោយ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​ការឈ្លានពាន​ពី​យោធា​ថៃ​!

​ព្រៃវែង ៖ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សមាគម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ដែល​បន្ត​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ក្រោយ​ពី​ការ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​អំពើ​ឈ្លានពាន​ដែន​អធិបតេយ្យ​ពី​យោធា និង​រដ្ឋាភិបាល​ថៃ​។ ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​និង​សួរសុខទុក្ខ​ពី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្ដេច​ធិបតី តែងតែ​ខ្វាយខ្វល់​និង​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូចជា​សុខភាព​កុមារ​តូចៗ​ផងដែរ​។ ដូច្នេះ​តាមរយៈ​ការគិតគូរ និង​ការយកចិត្តទុកដាក់​នេះ បាន​ធ្វើ​ឱ្យ​តាម​បណ្ដា​មូលដ្ឋាន​ទូទាំង​ប្រទេស បង្កើត​ឱ្យ​មាន​ក្រុម​គ្រូ​ស្ម័គ្រចិត្ត ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​។​

​បើ​តាម​លោក​វេជ្ជបណ្ឌិត សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ដែល​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​នៅ​ស្រុក​បាភ្នំ​នេះ មាន​ចំនួន ៤១៣​នាក់​។ ក្រុមគ្រូពេទ្យ ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ រួមមាន​៖ អប់រំ​សុខភាព ជំងឺ​ផ្លូវចិត្ត ជំងឺ​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ជំងឺ​សួត ជំងឺ​ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក និង​វាស់​ភ្នែក​។ ក្រៅពីនេះ ក៏​មាន​ការ​ពិនិត្យ​ភ្នែក និង​ចែក​វ៉ែនតា ការពិនិត្យ​និង​ព្យាបាល​សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​តម្រងនោម ពិនិត្យ​អេកូ​សាស្ត្រ វាស់​ចង្វាក់បេះដូង មន្ទីរពិសោធន៍ (​វិភាគ​ឈាម​) វះកាត់​តូច និង​ព្យាបាល​របួស​ជាដើម​។​

​គួររម្លឹកថា ក្នុង​ឆ្នាំ​២០២៥ កន្លងទៅ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ចំនួន ១៨​លើក មាន ១២​ក្រុង ស្រុក គឺ​ក្រុង​ព្រៃវែង ស្រុក​ពាម​ជរ ស្រុក​ស៊ីធរ​កណ្ដាល ស្រក​ពារាំង ស្រុក​កំចាយមារ ស្រុក​ពាម​រក៍ ស្រុក​មេសាង ស្រុក​ព្រះស្ដេច ស្រុក​កំពង់ត្របែក ស្រុក​ពោធិ៍​រៀង និង​ស្រុក​បាភ្នំ ដែល​បាន​ធ្វើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ចំនួន ៦៣.៨៧៣​នាក់ ស្ត្រី ៤០.៥៤៩​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *