លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ព្រឹត្តិការណ៍​ដើរ “​ដើម្បី​សន្តិភាព​យូរអង្វែង សម្រាប់​យើង​ទាំងអស់គ្នា​” ក្នុង​យុទ្ធនាការ​អបអរសាទ​រ​ខួប​លើក​ទី​១១៥ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៦

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ព្រឹត្តិការណ៍​ដើរ “​ដើម្បី​សន្តិភាព​យូរអង្វែង សម្រាប់​យើង​ទាំងអស់គ្នា​” ក្នុង​យុទ្ធនាការ​អបអរសាទ​រ​ខួប​លើក​ទី​១១៥ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៦ ដែល​ពិធី​ដើរ​ចាប់ផ្តើម​ពី​មុខ​វត្ត​បទុម​វ​តី ឆ្ពោះទៅ វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ប្រមាណ ១៧០០​នាក់ ។​

​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ដើរ ដើម្បី​សន្តិភាព​យូរអង្វែង​នេះ លោកជំទាវ​បណ្ឌិត បាន​មានប្រសាសន៍ថា សម្រាប់​ម្តាយ​ម្នាក់ សន្តិភាព​គឺ​នៅពេល​ដែល​ម្តាយ​ឱប​កូន​ដោយ​គ្មាន​ការភ័យខ្លាច គ្មាន​ការ​រត់​ចាកចេញ​ពី​លំនៅឋាន ព្រោះថា​មាន​តែ​លំនៅឋាន​នេះហើយ​ដែល​ជា​ទី​សុខសាន្ត​សម្រាប់​យើង​ទាំងអស់គ្នា​។ សម្រាប់​ក្មេងស្រី​ម្នាក់​វិញ សន្តិភាព​គឺជា​ការជឿជាក់​ក្នុង​ការអភិវឌ្ឍ​ខ្លួន ការចូលរួម​ដោយ​គ្មាន​ការរើសអើង ហើយ​ជា​ការទទួលបាន​នូវ​ការផ្តល់​កតិ្ត​យស​ប្រកបដោយ​ក្តី​សង្ឃឹម​។ សម្រាប់​គ្រួសារ សន្តិសុខ​គឺជា​បរិយាកាស​ប្រកប​ដោយ​ភាព​សុខុដុមរមនា ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ជា​ស្ថេរភាព​ភាព​ដែល​អនុញ្ញាត​ឱ្យ​កូនៗ​រីកលូតលាស់​ទៅ​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា ជា​ប្រទេស​មាតា​ធិបតេយ្យ ដែល​ឱ្យ​តម្លៃ​ស្ត្រី​ជាធំ និង​បាន​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ចាប់តាំងពី​ឆ្នាំ​១៩៧៧ ក្នុង​គោលបំណង​គោរព​ដល់​ការតស៊ូ​របស់​ស្ត្រី​ក្នុងការ​ទាមទារ​សិទ្ធិ សេរីភាព និង​សមភាព​។ ជា​លទ្ធផល​គួរ​ជាទី​មោទកៈ ក្នុង​ទិដ្ឋភាព​តំបន់​និង​សាកល កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៣ ក្នុងចំណោម ១១៨​ប្រទេស និង​លេខ ២ ក្នុង​តំបន់​អាស៊ាន ក្នុងនាម​ជា​ប្រទេស​ដែល​បាន​បញ្ជូន​កង​រក្សាសន្តិភាព​ស្ត្រី​។ បន្ថែម​ពីលើ​នេះ កម្ពុជា​បាន​ក្លាយជា​អ្នក​នាំមុខ​ក្នុង​តំបន់ ក្នុង​ការលើកកម្ពស់​អនុវត្ត​របៀបវារៈ «​ស្ត្រី សន្តិភាព និង​សន្តិសុខ​» ។​

Leave a Reply

Your email address will not be published. Required fields are marked *