​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្ដេជ្ញា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កូរ៉េ​-​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទៀត

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម គីម ឆាង​យ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​អគ្គរដ្ឋទូត​បាន​គូសបញ្ជាក់ថា ឯកឧត្តម​ពិត​ជា​មាន​កិត្តិយស​ណាស់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ដែល​ជា​ប្រទេស​មួយ​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ និង​មាន​វប្បធម៌ អរិយធម៌​ដ៏​សម្បូរបែប​។ ទន្ទឹមនេះ ឯកឧត្តម​អគ្គរដ្ឋទូត បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​រីកចម្រើន​ឡើង​ជា​លំដាប់ ចាប់តាំងពី​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ នៅ​ឆ្នាំ​១៩៩៧ ក្រោម​ការជំរុញ និង​គាំទ្រ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា​។ បច្ចុប្បន្ន ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បាននិងកំពុង​ត្រូវ​បាន​បន្ត​ពង្រឹង​និង​ពង្រីក​យ៉ាងសកម្ម តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​គ្រប់​កម្រិត ក៏ដូចជា​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​។ ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា នៅ​ឆ្នាំ​២០២៧ ខាងមុខនេះ ដែល​ជា​ខួប​លើក​ទី​៣០ នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​ប្រទេស​ទាំង​ពីរ​ ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា គ្រោង​នឹង​រៀបចំ​កម្មវិធី​មួយចំនួន ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។ ឯកឧត្តម​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សាធារណរដ្ឋ​កូរ៉េ មានបំណង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ហើយ​ឯកឧត្តម​បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​នេះ ឯកឧត្តម​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ឱ្យ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​បន្ថែមទៀត​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​ស្វាគមន៍ និង​អបអរសាទរ ឯកឧត្តម គីម ឆាង​យ៉ុង ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​ធិបតី​បាន​រំលឹកថា ប្រទេស​ទាំង​ពីរ​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” នា​ឆ្នាំ​២០២៤ ដែល​ការណ៍​នេះ​បាន​បើក​ច្រក​សម្រាប់​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ទូលាយ​ថែមទៀត​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សំខាន់ៗ​មួយចំនួន ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វិនិយោគ​, អប់រំ​, ការពារជាតិ និង​សន្តិសុខ​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា​រវាង​នគរបាល​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការប្រយុទ្ធប្រឆាំង និង​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *