ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​

វិមាន​រដ្ឋ​សភា​៖ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​(​គណៈកម្មការ​ទី​៥)​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​ឯកឧត្តម សួស យ៉ារ៉ា ប្រធាន​គណៈកម្មការ រួមជាមួយ​អន្តរ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​  រួមមាន ឯកឧត្តម កែប ជុតិមា ប្រធាន​គណៈកម្មការ​ទី​៤, ឯកឧត្តម ស ចំ​រុង ប្រធាន​គណៈកម្មការ​ទី​១ និង​ឯកឧត្តម លោកជំទាវ អនុប្រធាន​គណៈកម្មកា​រ និង​តំណាង​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ទៀត​បាន​ជួបពិភាក្សា​ជាមួយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​គណៈប្រតិភូ នា​ព្រឹក​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ នៅ​វិមាន​រដ្ឋ​សភា​។​

​ជំនួប​ពិភាក្សា​នាពេល​នេះ​ធ្វើឡើង​ដោយ ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​កិច្ចសន្ទនា​ផ្លាស់ប្តូរ​មតិ​យោបល់​ឱ្យ​បាន​ផុសផុល រវាង​ស្ថាប័ន​របស់​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​ដើម្បី ឆ្លើយតប​នឹង​បញ្ហាសំខាន់ៗ​របស់​ជាតិ​ដែល​ជា​ផលប្រយោជន៍​រួម​របស់​ប្រជាជន​។

​ជំនួប​ពិភាក្សា​ធ្វើឡើង​ក្នុង​ន័យ​ពិនិត្យមើល​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ជំរុញ និង​លើកកម្ពស់​វិស័យ​ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង​គុណភាព ប្រសិទ្ធភាព​ព័ត៌មាន ជា​ពិសេស​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​។​

​ឯកឧត្តម សួស យ៉ារ៉ា បាន​គូសបញ្ជាក់ថា​ទោះបី​ស្ថាប័ន​មាន​តួនាទី និង​ភារកិច្ច​ខុសគ្នា​ក៏ដោយ ប៉ុន្តែ​មាន​គោលដៅ​រួម​ដូចគ្នា គឺ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាព​សង្គម និង​ផលប្រយោជន៍​ជាតិ​។ អង្គប្រជុំ​បាន​បញ្ជាក់​អំ​ពី​សារៈសំខាន់​នៃ​ការសម្របសម្រួល និង​ការ​ធ្វើការ​រួម​គ្នា​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​រាជរដ្ឋាភិបាល ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការពារ​ផលប្រយោជន៍​ជាតិ ជាពិសេស​ក្នុង​បរិបទ​នៃ​បញ្ហា​សន្តិសុខ និង​ការកើនឡើង​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។

​អង្គប្រជុំ​ក៏បាន​ពិភាក្សា​អំពី​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ និង​ហានិភ័យ​សន្តិសុខ​តាម​ប្រព័ន្ធ​ឌីជីថល ដែល​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​វិស័យ​ព័ត៌មាន និង​សន្តិសុខ​ជាតិ​។​

​កិច្ចពិភាក្សា​ក៏បាន​ផ្តល់​តម្លៃ​ខ្ពស់​ក្នុង​ការផ្តល់​ព័ត៌មាន​ផ្លូវការ​ទាន់ពេលវេលា ការពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​និង​ការបង្កើន​ភាពជឿជាក់រ​បស់​សាធារណជន​លើ​ប្រភព​ព័ត៌មាន​ផ្លូវការ គឺជា​កត្តា​ស្នូល​សម្រាប់​ការថែរក្សា​ស្ថិរភាព​សង្គម​។​

​ជាមួយគ្នានេះ អង្គប្រជុំ​ក៏បាន​ឯកភាព​ថា ការពង្រឹង​ក្របខណ្ឌ​ច្បាប់​ទាំងនេះ គឺ​មាន​សារៈសំខាន់​ក្នុង​ការធានា​សេរីភាព​សារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ទំនួល​ខុស​ត្រូវ សុចរិត​ភាព និង​សណ្តាប់ធ្នាប់​ព័ត៌មាន ស្រប​តាម​បរិបទ​បច្ចេកវិទ្យា​ឌីជីថល​សម័យថ្មី​។​

​ជំនួប​ពិភាក្សា​នា​ឱកាស​នេះ​បាន​ឆ្លុះបញ្ចាំង​ការលើកកម្ពស់​ការពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ ក្នុង​វិស័យ​សារព័ត៌មាន ការធ្វើ​បរិ​វដ្ត​កម្ម​ឌីជីថល​ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ សុច្ចរិត​ភាព​ព័ត៌មាន ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ការពារ​ស្ថិរភាព​សង្គម និង​ផលប្រយោជន៍​ជាតិ​របស់​កម្ពុជា​។​

Leave a Reply

Your email address will not be published. Required fields are marked *