ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

វិមាន​សន្តិភាព​-​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Song Hailiang ប្រធាន​ក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, លោក​ប្រធាន​ក្រុមហ៊ុន CCCC បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ពេល​នេះ​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ទាំង​ក្នុងប្រទេស​កម្ពុជា និង​លើ​សកលលោក​។ ជាមួយគ្នានេះ លោក​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ ដែល​ធ្វើឱ្យ​គម្រោង​នានា​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​សម្រេចបាន​ជោគជ័យ​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​បន្ត​អនុវត្ត​គម្រោង​នានា​នៅ​កម្ពុជា​ឱ្យ​សម្រេចបាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ដោយ​ធានាបាន​នូវ​គុណភាព ជាមួយនឹង​ការទទួលខុសត្រូវ​ចំពោះ​បរិស្ថាន និង​សង្គម​។ លើសពីនេះ លោក​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​អំពី​បំណង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ថ្មីៗ​មួយ​ចំនួន​បន្ថែម​ទៀត រួមមាន​៖ ថាមពល​ស្អាត​, ការគ្រប់គ្រង និង​កែច្នៃ​សំណល់​ជា​ថាមពល​អគ្គិសនី​, ការអភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​, ការកសាង​ប្រព័ន្ធ​អេកូ​ស៊ី​ឌីជីថល (Digital Ecosystem) ជា​ដេ​ី​ម​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​លោក​ប្រធាន​ក្រុមហ៊ុន និង​សហការី ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។ សម្តេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា «​ឆ្អឹងខ្នង​» នៃ​កំណើន​សេដ្ឋកិច្ចជាតិ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អាទិភាព​ខ្ពស់ និង​បាន​ដាក់ចេញ​នូវ គោលនយោបាយ​អាទិភាព​ជាច្រើន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការស្វែងរក​នូវ​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​ថ្មីៗ​លើ​វិស័យ​នានា​នៅ​កម្ពុជា​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​ដែល​កំពុង​មាន​ឱ្យ​សម្រេច​បាន​តាម​ផែនការ​គ្រោងទុក ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *