​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​

វិមាន​សន្តិភាព​-​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ត្រិ​ន កឹម​ទូ សមាជិក​ការិយាល័យ​នយោបាយ និង​ជា​សមាជិក​ប្រចាំការ​គណៈ​លេខាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម ត្រិ​ន កឹម​ទូ បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ និង​ឯកឧត្តម ឡេ មី​ញ​ហ៊ឹ​ង (Le Minh Hung) នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម​ជូន​ចំពោះ​សម្តេច​ធីបតី ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា​ជាច្រើន​ដែល​កម្ពុជា​សម្រេចបាន​នា​ពេលកន្លងមក​។ ឯកឧត្តម​មាន​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្ដេច​ធិបតី កម្ពុជា​នឹង​បន្ត​សម្រេចបាន​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម និង​គណៈប្រតិភូ និង​បាន​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​មហាសន្និបាត​លើក​ទី​១៤ របស់​បក្ស​កុម្មុយនីស្ដ​វៀតណាម ព្រម​ទាំង​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ វៀតណាម នា​ពេល​ថ្មីៗ​នេះ​។ សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំណើនសេដ្ឋកិច្ច និង​សមិទ្ធផល​ធំៗ​ដែល​បក្ស និង​រដ្ឋ​វៀតណាម​សម្រេចបាន​។ ក្នុងឱកាស​នោះ​, សម្ដេច​ធិបតី​ក៏​បាន​ផ្ដាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ជូន​ចំពោះ​ឯកឧត្តម​អគ្គលេខាធិការ​បក្ស និង​ជា​ប្រធាន​រដ្ឋ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​វៀតណាម​ផងដែរ​។ សម្ដេច​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រដ៍​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម ត្រិ​ន កឹម​ទូ ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន​៖ វិស័យ​នយោបាយ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, សន្ដិសុខ និង​ការពារ​ជាតិ​, អប់រំ និង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​រវាង​យុវជន និង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​៕

Leave a Reply

Your email address will not be published. Required fields are marked *