នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ក្នុងរាជធានីភ្នំពេញ ។
នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់បញ្ចកោណយុទ្ធសាស្ត្រទី១ គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និង ភាពធន់ ។
មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មរបស់ជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ «ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន» គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ។ ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តភ្លាមៗនូវកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ៖ ទី១. ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក, ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយតកម្ម និង ការឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន។
លើសពីនេះ ដើម្បីធានាបានកម្រិតនៃចំណេះដឹងច្បាស់លាស់របស់ធនធានមនុស្សដែលបានបណ្តុះបណ្តាល សម្តេចធិបតី បានប្រកាសប្រគល់សិទ្ធិឱ្យក្រសួងសុខាភិបាលទទួលខុសត្រូវ មានជាអាទិ៍ ការបើក-បិទគ្រឹះស្ថានសិក្សា អនុម័តលើកម្មវិធីសិក្សាថ្នាក់ជាតិ គ្រប់គ្រងការប្រលងចូល-ចេញថ្នាក់ជាតិ ការចុះហត្ថលេខាលើសញ្ញាបត្រ ការបញ្ជាក់ភាពត្រឹមត្រូវ និងសមមូលលើវិញ្ញាបនបត្រក្នុងវិស័យសុខាភិបាល, និង ទី៣. ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។
ទន្ទឹមនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នឹងបន្តខិតខំព្យាយាមពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយនូវសមិទ្ធផលអវិជ្ជមានទាំងទ្បាយ ដោយក្នុងនោះ សម្តេចធិបតីបានលើកទឹកចិត្តឱ្យវិស័យរដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដេីម្បីលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ធានាបានការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជនទូទាំងប្រទេស ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេស គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមន្ទីរពេទ្យជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងលះបង់ខ្ពស់ ក្នុងការបម្រើ និងផ្តល់សេវាសុខាភិបាលជូនប្រជាជន ។
ទន្ទឹមនឹងនេះ សម្តេចធីបតី ក៍បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អ្នកស្ម័គ្រចិត្តការងារសុខភាពតាមភូមិ-ឃុំ ដែលបាន និងកំពុងចូលរួមក្នុងការបង្កើនសមត្ថភាពផ្តល់សេវាថែទាំសុខភាព និងការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេស ការខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយជោគជ័យ ៕