ពលរដ្ឋរិះគន់យ៉ាងខ្លាំង ចំពោះមន្ត្រីសូរិយោដីខេត្តកណ្តាល ដែលចុះវាស់វែងដីនៅឃុំស្អាងភ្នំ ស្រុកស្អាង យ៉ាងតក់ក្រហល់ទាំងដីទាំងនោះនៅក្នុងទឹក ក៏វាស់ដែរ
ខេត្តកណ្តាល៖ថ្មីៗនេះ គេសង្កេតឃើញ មានមន្ត្រីសូរិយោដី រួមជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនបានចុះដល់ចំណុចភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីវាស់វែងដីនៅតំបន់នោះធ្វើប្លង់ទៅអោយអ្នកធំម្នាក់ ដែលមានឥទ្ធិពល មានទាំងលុយ មានទាំងអំណាច។
នេះបើយោងតាមពលរដ្ឋម្ចាស់ស្រុកនៅតំបន់នោះ បានលួចបង្ហើបប្រាប់បងប្អូនសារព័រមានយើងជាច្រើនអង្គភាព ដែលទៅដល់តំបន់នោះថា៖ដីទំនាស់នេះ គឺនៅចំណុចខ្សែស្រប៩៦ ខាងជើងភ្នំស្អាង ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្នមានលោកមេភូមិ ឈ្មោះ លាស់ នុន មេឃុំឈ្មោះ មិ ពិន ។
មិនតែប៉ុណ្ណោះគាត់ក៏បានលើកពីសារបានដីត្រួសៗថា៖ ដីនេះ កាលពីអំឡុងឆ្នាំ(២០០៧-២០០៨) ពលរដ្ឋចំនួន៣ភូមិ (ភូមិវាល ភូមិតានូ ភូមិវាស) បានលក់តៗគ្នា លុះដល់ឆ្នាំ ២០១២ បានលក់បន្តទៅអោយឈ្មោះ (ជូស្រេង,តេង សួន,លី សំអាន,វង់ គីមមួយ) បន្ទាប់មក វង់ គីមមួយ លក់ឱ្យ រី ណូយ៉ែល លី សំអាន លក់ឱ្យ ខៃ ណូរិន ។
លុះក្រោយមក ស្រាប់តែលេចចេញបុគ្គលម្នាក់ ដែលមានឥទ្ធិពល មានលុយ មានទាំងអំណាច យកប្លង់ពីទីតាំងដីតំបន់ផ្សេងចំនួន៣ឃុំ(ឃុំបឹងខ្យាង,ឃុំព្រែកស្លែង,ឃុំអំពៅព្រៃ)មាន៧៣ក្បាលដីនៅស្រុកកណ្តាលស្ទឹង មកគ្របលើដីតំបន់នេះបច្ចុប្បន្នភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលទៅវិញ មូលហេតុទាំងនេះហើយទើបធ្វើឱ្យកើតមានទំនាស់តាំងពីឆ្នាំ(២០២១-២០២៣) កើតជាជំលោះដីធ្លីដ៏រ៉ាំរៃក្លាយជាជម្ងឺមហារីមើលមិនជាមកទល់បច្ចុប្បន្ន។
ប្រភពពីពលរដ្ឋមួយចំនួនទៀត បានលើកឡើងថា៖ ពលរដ្ឋដែលមានការពាក់ព័ន្ធនិងក្បាលដីទំនាស់ ប្រុងនិងលើកគ្នាតវ៉ាដែរ តែដោយសារអាជ្ញាធរឃុំបានដើរប្រាប់ពលរដ្ឋថា៖កុំតវ៉ា បើហ៊ានតវ៉ាប្រយ័ត្នគេចាប់ លឺដូចនេះពលរដ្ឋខ្លះពួននៅក្នុងផ្ទះ ពលរដ្ឋខ្លះមកមើលដែរ តែបានត្រឹមតែឈរឱបដៃមើលតែប៉ុណ្ណោះ សូម្បីតែក្អកមិនហ៊ានផង។
បើយោងតាមពាក្យបណ្តឹងម្ចាស់ដីដែលមានប័ណ្ឌកម្មសិទ្ធិ ឈ្មោះ រី ណូយែល ជាជនជាតិខ្មែរ មាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុចំនួន៣ប័ណ្ណ ក្នុងទំហំដីសរុប ៤៤ហិកតា៤៧៩៦ ម៉ែត្រការ៉េ និងឈ្មោះ ខៃ ណារិន ជនជាតិខ្មែរ ជាម្ចាស់ដី ទំហំ ៣៦ហិកតា ១,៦២៣.៧៥ ម៉ែត្រការ៉េ មានទីតាំងដីស្ថិតនៅ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានប្តឹងទប់ស្កាត់មិនឲ្យចុះវ៉ាស់វែងនៅតំបន់នេះទៀតទេ ប៉ុន្តែស្ថាប័នសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែលពាក់ព័ន្ធមួយចំនួន នៅតែបន្តធ្វើទាំងតក់ក្រហល់។
អ្នកស្រី រី ណូយែល និង ខៃ ណូរិន បញ្ជាក់ថា៖ដីខាងលើនេះ នាងខ្ញុំបានប្រមូលទិញពីប្រជាពលរដ្ឋម្ចាស់ដីដើមផ្ទាល់ ដោយបានគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងអំទ្បុងឆ្នាំ(២០១៥-២០១៨) ហើយការលក់-ទិញដីខាងលើនេះ គឺមានឯកសារ និងការទទួលស្គាល់-ដឹងឮ ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវតាមច្បាប់ រហូតមានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុមកឱ្យអោយនាងខ្ញុំ រី ណូយែល ទៀតផង ហើយស្រាប់តែថ្មីៗនេះ បានលេចចេញលោកជំទាវឧកញ៉ា សៀង ចាន់ហេង និងបក្ខពួក បានមកអះអាងថាមានដីត្រួតជាន់គ្នាលើដីនាងខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀត ដោយគាត់បានសំអាងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ក្នុងឆ្នាំ១៩៩៣ ចំនួន ៧៣ប័ណ្ណ ដែលក្នុងប័ណ្ណទាំងអស់នោះ មានទីតាំងស្ថិតនៅក្នុងឃុំផ្សេងចំនួន០៣គឺមានឃុំបឹងខ្យាង, ឃុំព្រែកស្លែង, ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។
តែទោះជាយ៉ាងណានេះគ្រាន់តែជាការលើកឡើងពីភាគីអ្នកស្រី រី ណូយែល និង ខៃ ណូរិន រួមជាមួយពលរដ្ឋមួយចំនួនប៉ុណ្ណោះ អង្គភាពយើងនៅមិនទាន់ទំនាក់ទំនងទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោកជំទាវឧកញ៉ា សៀង ចាន់ ដោយមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង តែទោះជាយ៉ាងណាអង្គភាពយើងរីករាយស្វាគមន៍ការបកស្រាយបំភ្លឺ និងរាល់ការផ្តល់ឯកសារពាក់ព័ន្ធផ្សេង រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន។